Friday, February 20, 2015

រស់​​នៅ​ភូមិ​កំពង់​ថ្ម​ ​ឃុំ​កំពង់​ថ្ម ​ស្រុក​សន្ទុក ​ខេត្ត​កំពង់ធំ ​ជា​ វិបុល​ គឺជា​យុវជន​​​មួយ​រូប​​​ ដែល​​ទើប​ប្រលង​ជាប់​អាហារូបករណ៍​​ជាប់​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ យេល​ (Yale) ​សហ​រដ្ឋ​អាមេរិក​។ សាកលវិទ្យាល័យ​នេះ​​ ត្រូវ​បាន​​ចាត់​ទុក​ជា​សាកលវិទ្យាល័យ​​​ល្បី​ឈ្មោះ​នៅ​លើ​ពិភពលោក។ ធំ​ធាត់​​នៅ​ក្នុង​គ្រួសារ​មួយ​ ដែល​​​​មាន​​ជីវភាព​​មធ្យម​ ​ឪពុក​ជា​អតីត​គ្រូ​បង្រៀន​ពិការ​ជើង​ម្ខាង​​ វិបុល​ បាន​​ជម្នះ​​​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ទម្រាំ​មាន​ថ្ងៃ​នេះ​។ ​វិបុល​ធ្លាប់​បរាជ័យ​លើ​ការ​ប្រលង​យក​អាហារូបករណ៍​​ទៅ​​​​ក្រៅ​ប្រទេស​១៩ ដង​។ ប៉ុន្តែ​ទី​​បំផុត​ វិបុល​ បាន​​ទទួល​ជោគជ័យ​ ហើយ​​គ្រោង​ចេញ​​ដំណើរ​ទៅ​​សហរដ្ឋអាមេរិក​នៅ​ដើម​ខែ​មេសា​ ខាង​មុខ​​នេះ​។  Sabay បាន​​ធ្វើ​បទ​សម្ភាស​ជាមួយ​នឹង​ វិបុល​ ដូច​ត​ទៅ​​៖​​
​​ 
Sabay៖ ជម្រាប​សួរ​​! ​​Sabay ទើបទទួល​បាន​ព័ត៌មាន​ថា ​វិបុល​ ​​​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅសហរដ្ឋអាមេរិក​​ ​តើ​ទៅ​រៀន​មុខ​ជំនាញ​អ្វី​​ ?នៅសាកលវិទ្យាល័យ​ណាដែរ?​​​
វិបុល៖ បាទ​ជម្រាប​សួរ ​ខ្ញុំ​ពិត​ជា​ទទួល​បាន​អាហារូបករណ៍​ ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​ឬ​អនុបណ្ឌិត​ ​លើ​ជំនាញ​ ការ​​គ្រប់​គ្រង​ ​និង​ការ​អភិវឌ្ឍ​គោល​នយោបាយ​សាធារណៈ​ ​(Master​ of​ Public Policy Development and Management) ដែល​គ្រោង​នឹង​ទៅ​សិក្សា​ ក្នុង​រយះ​ពេល​ឆាប់ៗ​នេះ​ហើយ​ ​នៅ​ឯ​សាកលវិទ្យាល័យ​យេល​ (Yale) ​សហ​រដ្ឋ​អាមេរិក​ ​ដែល​ជា​សាកលវិទ្យាល័យ​​ល្បី​ឈ្មោះ​នៅ​លើ​ពិភពលោក​។​
 
Scholarship-2
Sabay៖ ​ ​តើ វិបុល​ អាច​ជម្រាប​ពី​ស្ថាន​ភាព​គ្រួសារ ​​បាន​ទេ​?
វិបុល៖ បាទ​សូម​អរគុណ​បង​!​ ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​ថ្ម​ ​ឃុំ​កំពង់​ថ្ម ​ស្រុក​សន្ទុក ​ខេត្ត​កំពង់ធំ​។​​ទាក់​ទង​​ជាមួយ​ព័ត៌មាន​គ្រួសារ​ ​ខ្ញុំ​បាទ​បាន​ប្រសូត​ចេញ​ពី​គ្រួសារ​ ​ដែល​មាន​ជីវភាព​​មធ្យម​ ដែល​ឪពុក​របស់​ខ្ញុំ​ពិការ​ភាព​ជើង​ស្តាំ ​ក្នុង​របប​​៣​ឆ្នាំ ​៨​ខែ ​២០​ថ្ងៃ​ ​ហើយ​គាត់​ជា​គ្រូ​បង្រៀន​ ​និង​ជា​នាយក​សាលា​​ បច្ចុប្បន្ន​គាត់​ចូល​​និវត្តន៍​​ហើយ​ ​រី​ឯ​ម្តាយ​របស់​ខ្ញុំ​ ​គឺ​ជា​អ្នក​ស្រែ​ចំការ​ ​និង​ប្រកប​របរ​ជា​អ្នក​លក់​នំ​បញ្ចុក​បន្តិច​បន្តួច​ ខ្ញុំ​ជា​កូន​ទី​២ ​ក្នុង​ចំណោម​​បង​ប្អូន​០៥​នាក់​ ​ដែល​មាន​ប្រុស​៤​នាក់​ ​និង​ស្រី​ម្នាក់​​ ​តែ​គួរ​ឱ្យ​សោក​ស្តាយ​ ព្រោះ​ប្អូន​ស្រី​របស់ខ្ញុំ​បាន​លាចាក​លោក​នេះ​ដោយ​សារ​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្នុង​ឆ្នាំ​២០០៨​។

Sabay៖ វិបុល​ មាន​​ប្រវត្តិ​សិក្សា​​យ៉ាង​ដូច​ម្តេច​ដែរ​?​
វិបុល​៖ បាទ! ខ្ញុំ​​សិក្សា​ចំណេះ​ទូទៅ​នៅ​សាលា​បឋម​សិក្សា​កំពង់​ថ្ម​ ​ឆ្នាំ​សិក្សា ​១៩៩៣​ ​-​ ២០០០ ​អនុវិទ្យាល័យ​កំពង់​ថ្ម ​(បច្ចុប្បន្ន​វិទ្យាល័យ​កំពង់​ថ្ម​) ​ក្នុង​ឆ្នាំ​សិក្សា ​២០០០​ ​-​២០០៣ ​វិទ្យាល័យ​ជា ​ស៊ីម​ កំពង់​ថ្ម ​ក្នុង​ឆ្នាំ​សិក្សា ​២០០២​ ​-​ ២០០៥​ ​ហើយ​បាន​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្យា​ទុតិយ​ភូមិ​ក្នុង​ឆ្នាំ​ ២០០៥​។ ​ក្រោយ​ពេល​ប្រលង​ជាប់​ខ្ញុំ​ក៏​​បាន​ធ្វើ​ដំណើរ​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​មក​បន្ត​ការ​សិក្សា​ នៅ​សាកលវិទ្យាល័យ​ ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​ជំនាញ​សេដ្ឋកិច្ច​អភិវឌ្ឍ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០០៥​ ​- ២០០៩​ ​ហើយ​ក៏​បាន​ ​ចូល​រៀន​ថ្នាក់​អនុបណ្ឌិត​ ឬ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ ជំនាញ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ ​ក្នុង​ឆ្នាំ​សិក្សា​ ​២០១១​- ​២០១៣​។​
 
Sabay៖ ​តើ​ វិបុល​ ធ្លាប់​​មាន​បទពិសោធន៍​ការងារ​ និង​ចូល​រួម​​ក្នុង​កិច្ច​ការងារ​សង្គម​ដែរ​​ទេ​?​
វិបុល៖ ខ្ញុំ​បាទ​បាន​បម្រើ​ការងារ​ជាមួយ​និង​​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ តាម​រយៈ​ការងារ​ស្ម័គ្រចិត្ត​ ​និង​បុគ្គលិក​ពេញ​សិទ្ធ​ ​ជា​ច្រើន​ដូច​ជា​ អង្គការ​យុវជន​ខ្មែរ​ ​និង​ការ​អភិវឌ្ឍ​សង្គម​ (KYSD)​, ​អង្គការ​ការពារ​ភព​ផែន​ដី ​ការពារ​ខ្លួន​ឯង​ ​អន្តរ​ជាតិ​ ​(PEPY International),​អង្គការ​កម្ម​វិធី​អភិវឌ្ឍ​សហប្រជាជាតិ ​(UNDP)​, ​និង​អង្គការ​គណៈកម្មាធិការ​សុខ​ភាព​កម្ពុជា​(CHC)​ក្រៅ​ពី​នេះ​ទៀត​ ខ្ញុំ​ក៏​បាន​បម្រើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ពេល​ចុង​សបា្តហ៍​ ជាមួយ​អង្គការ ​អ្នក​លើក​ស្ទួយ​កុមារ​ ​(SBB)​ និង​បាន​ចូល​រួម​ចំណែក ​ក្នុង​ការ​ទាក់​ទាញ​សប្បុរស​ជន​មួយ​ចំនួន​​ឱ្យ​ជួយ​កុមារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ​នៅ​តំបន់​គំនរ​សំរាម​ស្ទឹង​មានជ័យ ​តាម​រយៈ​ការ​ឧបត្ថម្ភ​ នូវ​ធន​​ធាន​សំភារៈ ​និង​ធនធាន​ថវិកា​ជាដើម​។
 
ខ្ញុំ​បាន​​រៀន​សូត្រ ​និង​មាន​​សមត្ថភាព​ ​​ព្រម​​ទាំង​​បទ​ពិសោធន៍​ច្រើន​​ លើ​ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ ​ជា​អ្នក​គ្រប់​គ្រង​ ​និង​ក្រោម​​បរិបទ​ការងារ​ផ្សេង​ៗ​គ្នា​ដូច​ជា​ ​កិច្ច​ការ​អភិវឌ្ឍ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ការ​លើក​កំពស់​គុណ​ភាព​អប់រំ​ ​សុខាភិបាល​ ​អនាម័យ​ទឹក​ស្អាត​ ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​លំ ​​និង​កសិកម្ម​នៅ​តំបន់​ជនបទ​ និង​មាន​បទ​ពិសោធន៍​ច្រើន​ ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ស្ថាប័ន​ម្ចាស់​ជំនួយ​ផ្សេងៗ​រួម​មាន​៖​ ​មូលនិធិ សកល​ ​(Global Fund), ​អង្គការ​សហប្រជាជាតិ​ ​(UN),​ ​អង្គការ​សុខភាព​ពិភពលោក​ ​(WHO), ធនាគារ​អភិវឌ្ឍ​អាស៊ី ​(ADB), ធនាគារ​ពិភពលោក ​(WB), USAID, AuAID, សហគមន៍​អ៊ឺរ៉ុប​ ​(EU)​ និង​ស្ថាប័ន​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​។ នេះ​ហើយ​ជា​គោល​ដៅ​ទី​១ របស់​ខ្ញុំ​

Sabay៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​​នាំ​​ឲ្យ​ វិបុល ​មាន​បំណង​​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​?​

វិបុល៖ ភាព​លំបាក​បាន​បង្រៀន​ខ្ញុំ​ឱ្យ​​ចេះ​រៀប​ចំ​ជីវិត​ប្រកប​ដោយ​ចក្ខុវិស័យ​ វែង​ឆ្ងាយ​ កត្តា​ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​ចង់​បាន ​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​៖​ ​១.​ដោយ​សារ​តែ​កត្តា​គ្រួសារ​ (ឪពុក​ម្តាយ​របស់​ខ្ញុំ​ជា​អ្នក​ក្រី​ក្រ​ ​ជា​គ្រូ​បង្រៀន ​ហើយ​គាត់​បាន​និយាយ​ថា​ ​គាត់​ធ្វើ​ជា​គ្រូ​បង្រៀន​ គាត់​បាន​បង្រៀន​សិស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ហើយ​ស្រែក​កោកៗ​ឱ្យ​កូន​គេ​ដើរ​តាម​ផ្លូវ​ល្អ​ ដូច​នេះ​កូន​ក៏​ត្រូវ​តែ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ ​ឱ្យ​ក្លាយ​ ​ជា​មនុស្ស​មួយ​ ដែល​សង្គម​ត្រូវ​ការ​ ​ហើយ​មិន​ធ្វើ​ឱ្យ​គាត់​ពិបាក​ចិត្ត ​២.​​ ដោយ​​ខ្ញុំ​ចង់​រក្សា​នូវ​កិត្តិនាម​​ ​ក្នុង​ការ​រៀន​សូត្រ​របស់​ខ្ញុំ​តាំង​ពី​កុមារ​ភាព​រហូត​ដល់​ពេល​ បច្ចុប្បន្ន​ ៣​.​ ខ្ញុំ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ធ្វើ​ការងារ​រាជ​ការ​ ​និង​ជួយ​អភិវឌ្ឍ​ ​សង្គម​ឱ្យ​បាន​ច្រើន​ ​តាម​រយះ​ការ​ទៅ​រៀន​សូត្រ​នៅ​ក្រៅ​ប្រទេស​យក​មក​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ​ឱ្យ​​កាន់​តែ​រីក​ចម្រើន​ ៤) ​​ គឺ​ខ្ញុំ​ចង់​វិវត្ត​ខ្លួន​ឱ្យ ​ក្លាយ​ជា​មនុស្ស​គំរូ​ ធ្វើ​ឱ្យ​ក្មេង​ជំនាន់​ ​ក្រោយ​រៀន​សូត្រ​តាម​។​

តាម​ពិត​ទៅ ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ក្នុង​ការ​ដាក់​អាហារូបករណ៍​ទៅ ​ក្រៅ​ប្រទេស​នេះ​ គឺ​​កើត​មាន​​នៅ​​ពេល​ដែល​ខ្ញុំ​បាន​ចូល​រៀន​ ​នៅ​មហាវិទ្យាល័យ​ ​ដោយ​សារ​មើល​ឃើញ​ពី​ភាព​លំបាក​ពេក​ ខ្ញុំ​បាន​ដាក់​សម្ពាធ​ចំពោះ​ខ្លួន​ឯង​ ​ឱ្យ​សម្រេច​​​​គោលដៅ​ចំនួន​០៣ ​មុន​អាយុ ​៣០​ឆ្នាំ​ ​១​) ​ការ​ស្វែង​រក​ការងារ​ធ្វើ​​ជាមួយ​ អង្គការ​សង្គម​ស៊ី​វិល អង្គការ​ជាតិ ​និង​អន្តរ​ជាតិ​២​)​ ប្រលង​ជាប់​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ណា​មួយ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល ​៣)​​ ​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​។​ ​យ៉ាង​​ណា​ក្តី​បំណង​ប្រាថ្នា​​នេះ​​មិន​សម្រេច​បាន​ភ្លាមៗ​នោះ​ទេ​គឺ​វា​ ត្រូវការ​ពេល​វេលា​និង​ការ​ត្រៀម​ខ្លួន​​ជា​ច្រើន​និង​ឆ្លង​កាត់​នូវ​មហា​ ឧបសគ្គ​ច្រើន​ ​ប៉ុន្តែ​ទោះ​​ជា​យ៉ាង​ណា​ ​ខ្ញុំ​បាន​ប្ដេជ្ញា​​ចិត្ត​រួច​ហើយ ​និង​ត្រូវ​​ធ្វើ​ឲ្យ​​បំណង​ទាំង​០៣​នេះ​​ឱ្យ​បាន​ក្លាយ​ជា​ការ​ពិត​នៅ​អាយុ ​ក្រោម​៣០​ឆ្នាំ។​

ផ្សារ​ ​ភ្ជាប់​ជាមួយ​ និង​បទពិសោធន៍​មាន​អាយុ​កាល​ជាង​០៩​ឆ្នាំ​ ជាមួយ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ ​(NGO)​ ​នេះ​​ហើយ​ដែល​ជា​កត្តា​មួយ​ជួយ​ឱ្យ​ ខ្ញុំ​បាន​វេច​ស្ពាយ​នូវ​សមត្ថភាព​ពិត​ៗ​ក្នុង​ការ​ប្រលង​ចូល​ស្ថាប័ន​រដ្ឋ​ជាមួយ​ក្រសួង​ជា​ច្រើន​ដូច​ជា ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​អភិវឌ្ឍ​ជនបទ​ ​ក្រសួង​ការងារ​ ​បណ្តុះ​បណ្តាល​ និង​វិជ្ជាជីវៈ​​ ក្រសួង​ទេសចរណ៍​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ជាដើម​ ប៉ុន្តែ​ភ្លាម​ៗ​នេះ​លទ្ធ​ផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​បាន​ត្រឹម​ជាប់​បំរុង​ ​ជាប់​វគ្គ​សរសេរ​ និង​ធ្លាក់​ប៉ុណ្ណោះ​។ ​តែ​ភាព​បរាជ័យ​ទាំង​អស់​នេះ​ ក៏​មិន​បាន​បំបាក់​នូវ​ស្មារតី​​ខ្ញុំ​ ឱ្យ​បោះ​បង់​ការ​ប្រកួត​ប្រជែង​ជាមួយ​ស្ថាប័នរដ្ឋ​ឡើយ ​ទោះ​បី​ជា​នៅ​ក្នុង​សង្គម​ខ្មែរ​ ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា​ថា​ ​បើ​ចង់​ប្រលង​ចូល​ក្រប​ខណ្ឌរដ្ឋ​ ដាច់​ខាត​ត្រូវ​តែ​មាន​ខ្សែ ​បក្ស​ពួក​និយម​ ​និង​ស៊ក​លុយ​ យ៉ាង​ហោច​ណាស់​ ​ចន្លោះ​ពី​ ​៥០០០​ដុល្លារ​ ​ទៅ​៨០០០​ដុល្លារ​ ​ដែរ​តាម​ស្ថាប័ន​នី​មួយ​ៗ​ តែ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ដើរ​ទៅ​មុខ​ជា​និច្ច​។​
 
​លុះ​ដល់​ឆ្នាំ ​២០១២​ ​សមិទ្ធិ​ផល​​នៃ​ការ​តស៊ូ ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ហើយ​ ផ្លូវ​ដែល​ត្រូវ​ដើរ​ជាមួយ​​ស្ថាប័ន​រាជ​រដ្ឋាភិបាល​នោះ​គឺ​ ​ខ្ញុំ​បាន​ធ្វើ​ការ​ប្រលង​ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​រាប់​ពាន់​អ្នក​ នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ ​របស់​ក្រសួង​មហា​ផ្ទៃ​ ​ទីបំផុត​បាន​សម្រេច​បាន​នៅ​គោល​ដៅ​ទី​២​ហើយ​ លទ្ធផល​ជោគជ័យ​មួយ​នេះ​ត្រូវ​បាន​មិត្តភ័ក្ដិ ​និង​ក្រុម​គ្រួសារ​សាទរ​យ៉ាង​ខ្លាំង​ក្លា​បំផុត​​គឺ​បាន​ប្រលង​ជាប់​ចូល​បំរើ​ការងារ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ នៃ​អធិការដ្ឋាន​ទទួល​ពាក្យ​បណ្តឹង​ និង​អង្កេត​ស្រាវ​ជ្រាវ​​កិច្ចការ​នយោបាយ​រដ្ឋបាល​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​រដ្ឋបាល​ និង​នគរបាល​។ ​
 
ទន្ទឹម​នឹង​នោះ​ផង​​ដែរ​ ការ​បូក​បញ្ចូល​គ្នា​រវាង​បទពិសោធន៍​ ​ក្រុម​ហ៊ុន​ឯកជន​ ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ (NGO)​និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ជា​កត្តា​លីករ​មួយ​ដែល​បាន​ជំរុញ​ឱ្យ​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ហើយ​សមត្ថភាព​ទាំង​អស់​នេះ​ត្រូវ​បាន​អ្នក​ក្រុម​ការងារ​ទាំង​អស់​ទទួល​ស្គាល់ ​និង​រៀន​សូត្រ​តាម​ ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ ​នោះ​គឺ​ខ្ញុំ​ ទទួល​បាន​អាហារូបករណ៍​ដែល​គ្រោង​ ​និង​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត (Advance Master) ជំនាញ​គ្រប់គ្រង និង​អភិវឌ្ឍ​គោល​នយោ​​បាយ​សាធារណៈ ​នៅ​សាកលវិទ្យាល័យ​យេល (Yale University)​ សហរដ្ឋ​អាមេរិក ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​មួយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​នៅ​លើ​ពិភពលោក​ ​ខាង​ផ្តល់​គុណ​​ភាព​អប់រំ​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ៗ ​ក្នុង​លោក​ក៏​សំបូរ​កូន​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​នៅ​លើ​ពិភពលោក​ ទៅ​រៀន​នៅ​សាលា​នេះ​ច្រើន​ដែរ​ ​តាម​រយៈ​​កម្មវិធី​មួយ​របស់​អង្គការ​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​ថា ​South East Asian Leadership Network។​ នេះ​ហើយ​ជា​បេសកកម្ម​​គោល​ដៅ​​ទី​៣​ របស់​ខ្ញុំ​។ ​ទីបំផុត​គោល​ដៅ​ទាំង​៣​នេះ​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ពិត​ៗ ​មុន​អាយុ​៣០​ឆ្នាំ​ដូច​ដែល​បាន​​គ្រោង​ទុក​។​
 
Sabay៖ តើ វិបុល​ ​ចាត់​ទុក​​ ​នេះ​ជា​ភាព​ជោគជ័យ​សម្រាប់​​ខ្លួន​ឯង​មែន​ទេ​?​
វិបុល៖ ​វា​ជា​ភាព​ជោគជ័យ​មួយ ​ដែល​ខ្ញុំ​ពេញ​ចិត្ត​​ និង​ទទួល​យក​ ព្រោះ​វា​ជា​ភាព​ជោគជ័យ​មួយ​ដែល​កើត​ចេញ​ពី​ការ​តស៊ូ ​ដោយ​ដៃ​ទាំង​គូរ​របស់​ខ្ញុំ​ ​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​សមត្ថភាព​ ​ជំនាញ ​និង​បទពិសោធន៍​ របស់​ខ្ញុំ​ពិត​ៗ​។ ​ទោះ​បី​ជា​ខ្ញុំ​បរាជ័យ​ចំនួន​១៩​ដង​ ក្នុង​ការ​ដាក់​ពាក្យ​ស្នើរ​សុំ​ប្រលង​អាហារូបករណ៍​នេះ​ក៏​ដោយ​។​ តែ​ខ្ញុំ​សូម​ជម្រាប​ថា​ ខ្ញុំ​មិន​មាន​មោទនភាព​ហួស​ហេតុ​ពេក​ទេ​ ​អ្វី​ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​ គឺ​ខ្ញុំ​ត្រូវ​ខិត​ខំ​រៀន​បន្ថែម​ទៀត​។​ ​ហើយ​សូម​​ជម្រាប​ថា​សមិទ្ធផល​ ​ដែល​ខ្ញុំ​ទទួល​បាន​ពេល​នេះ​ ​វា​មិន​មែន​ជា​សមទិ្ធផល​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ខ្ញុំ​តែ​ម្នាក់​គត់​នោះ​ទេ​ ​គឺ​ជា​​ភាព​ជោគជ័យ​ ​របស់​គ្រួសារ​ខ្ញុំ​ និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​។​ ​

ហើយ​ចង់​​បង្ហាញ​ប្រាប់​ថា​ភាព​​ជោគជ័យ​ដែល​ខ្ញុំ​ទទួល​បាន​ពេល​នេះ​ ​គឺ​កើត​ចេញ​ពី​តួ​អង្គ​ចំនួន​៤​ ដែល​បាន​ជួយ​ជំរុញ​ខ្ញុំ​ឱ្យ​មាន​ថ្ងៃ​នេះ ​១​. ​ឪពុក​ម្តាយ​៖ ​ខ្ញុំ​សូម​អរគុណ​ចំពោះ​សាច់​រឿង​កន្លង​មក ​​ខ្ញុំ​គិត​ថា​ការ​បង្កើត​កូន​ ការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា ​និង​ការ​អប់​រំ​កូន​គឺ​ជា​កាតព្វកិច្ច​របស់​ឪពុក​ម្តាយ​គ្រប់​រូប​ ហើយ​ឪពុក​ម្តាយ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​កូន​​របស់​​គាត់​មាន​មុខ​មាត់​ ​មាន​កិត្តិយស​ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​នា​ពេល​នេះ​​គឺ​គាត់​ទាំង​ពីរ​បាន​​អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ខុស ​ត្រូវ​ចាំ​ថា​ ​«បុគ្គល​ដែល​មិន​ធ្លាប់​បង្កើត​កំហុស​អ្វី​សោះ​ ជា​​បុគ្គល​ដែល​មិន​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មី​នោះ​ឡើយ»។​ ខ្ញុំ​មិន​តូច​ចិត្ត​កាល​ដែល​កើត​មក​ជា​គ្រួសារ​ឬ​កូន​អ្នក​ក្រ​ព្រោះ​នេះ​ជា​មេ​រៀន​សម្រាប់​តស៊ូ​នៅ​ក្នុង​ជីវិត​។​ ២. ​គ្រូ​បង្រៀន​៖ ​ខ្ញុំ​គិត​ថា​ ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ហើយ​ឈាន​មក​ដល់​ថ្ងៃ​នេះ ​គឺ​កើត​ចេញ​ពី​គ្រូ​បង្រៀន​ ដែល​បាន​ខិត​ខំ​ ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ ចាប់​តាំង​ពី​ថ្នាក់​មត្តេយ្យ​សិក្សា​ ​រហូត​ដល់​ថ្នាក់​មហាវិទ្យាល័យ​ ដែល​លោក​គ្រូ​ ​និង​អ្នក​គ្រូ​ទាំង​អស់​ ​បាន​ផ្ទេរ​នូវ​ចំណេះ​ដឹង​ និង​សមត្ថភាព​គ្រប់​សព្វ​បែប​យ៉ាង​ ​រហូត​ដល់​ ​ខ្ញុំ​បាទ​បាន​អភិវឌ្ឍន៍​ខ្លួន​ឈាន​ដល់​ចំណុច​នេះ​។​ ៣. ​គ្រូ​បង្វឹក​៖​ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពិត​ជា​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ​គ្រូ​បង្វឹក​របស់​ខ្ញុំ ​ដែល​បាន​ផ្តល់​ឧកាស​ឱ្យ​ខ្ញុំ​បាន ​បម្រើ​ការងារ​ជាមួយ​គាត់​ទាំង​អស់​គ្នា​ ​ទាំង​គ្រូ​បង្វឹក​នៅ​ក្នុង​ក្រុមហ៊ុន​ឯក​ជន​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ ​(NGO)​ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ជាដើម​ ក្នុង​ការ​ពង្រឹង​នូវ​សមត្ថភាព​ជំនាញ​ និង​បទពិសោធន៍​​ឱ្យ​កាន់​តែ​​មាន​សក្ដានុពល​។​​ ៤)​ មិត្តភ័ក្ដិ​៖ ​ពិត​ជា​អរគុណ​ជា​អនេក​ ​ចំពោះ​មិត្តភ័ក្ដិ​ទាំងអស់​គ្នា​ ដែល​បាន​ជួយ​រូប​ខ្ញុំ​បាទ​កន្លង​មក​ បើ​គ្មាន​មិត្តភ័ក្ដិ​ ជួយ​អូស​ទាញ ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ខុស ​និង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត ​ម្ល៉េះ​សម​ខ្ញុំ​​គ្មាន​​ថ្ងៃ​នេះ​ទេ​។​

Scholarship

Sabay៖   ​តើ​អ្វី​ដែល​ វិបុល​ ​មិន​អាច​បំភ្លេច​បាន​?​
វិបុល៖ ​រំលឹក​​រឿងរ៉ាវ​ក្នុង​កំឡុង​ពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខ្ញុំ​បាទ​ បាន​ប្រើ​ប្រាស់​បទពិសោធន៍​ក្នុង​ជីវិត​តាម​រយៈ​ការ​តស៊ូ​យ៉ាង​​ស្វិតស្វាញ ​ក្រោម​រូបភាព​ជា​ច្រើន​ដូច​ជា​ការ​ធ្វើ​ដំណើរ​ដោយ​កង់​ ​​ឬ​ពេល​ខ្លះ​ដោយ​ថ្មើរ​​ជើង​ ពី​ម្តុំ​អង់​តែន​ទួលគោក​ ទៅ​កាន់​សាលា​ច្បាប់​(បឹង​ត្របែក​)​,​ ភាព​លំបាក​លំបិន​ក្នុង​ការ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ម្តាយ​មីង​, ​មិន​មាន​ថវិកា​ចាយ​វាយ​ និង​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់​, ​ការ​ទទួល​រង​នូវ​ការ​មើល​ងាយ​ពី​សំណាក់​​មិត្តភ័ក្ដិ​ ​និង​អ្នក​ជិត​ខាង​គ្រប់​សព្វ​បែប​យ៉ាង​, ​ការ​ទទួល​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​ប្អូន​ស្រី​បាន​ស្លាប់​បាត់​​បង់​ជីវិត​ដោយ​សារ​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នា​ឆ្នាំ​២០០៨​។​ ​
 
ពិត​ជា​ពិបាក​ ​ទុក​ជាន់​លើ​ទុក​ ​ក្នុង​ការ​​​សម្រេច​ចិត្ត​មក​រៀន ​និង​រស់​នៅ​ឆ្ងាយ​ពី​គ្រួសារ​ក្នុង​វ័យក្មេង​ បញ្ហា​ចេះ​តែ​កើត​មាន​ គឺ​ត្រូវ​ផ្គត់​ផ្គង់​ច្រើន​លើ​ការ​ចំណាយ ​ជា​ពិសេស​ការ​ចំ​ណា​យ​ទៅ​លើ ​ថ្លៃ​សម្ភារៈ​សិក្សា ​និង​ការ​ហូប​ចុក​ជាដើម​ ដោយ​សារ​តែ​ជួប​ប្រទៈ​បញ្ហា​ប្រឈម​មុខ​ ​និង​កង្វះ​ខាត​បែប​នេះ​​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ប្រើ​កម្លាំង​សុទ្ធសាធ​ ​ដូច​ជា​ធ្វើ​ជា​កម្មករ​សំ​ណង់​រៀង​រាល់​ពេល​ឈប់​សម្រាក​ពី​ការ​សិក្សា​អ្នក​លាង​រថយន្ត​តាម​យានដ្ឋាន​ អ្នក​ចាក់​សាំង​តាម​ស្ថានីយ​​ អ្នក​រត់​តុ ​បង្រៀន​ក្មេង​ ពេល​ខ្លះ​បាន​ដើរ​ស៊ី​ឈ្នួល​បោក​គក់​សម្លៀក​បំពាក់​បោស​សម្អាត​តាម​ផ្ទះ​ និង​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ពេល​​យប់ ​ដើម្បី​យក​ថវិកា​មក​ផ្គត់​ផ្គង់​ការ​សិក្សា​។​​ ខ្ញុំ​បាទ​បាន​ឆ្លង​កាត់​នូវ​បន្លា​ឧបសគ្គ​ដែល​បាន​ដើរ​មុត​ជើង​ឡើង​សុស​​។

ខ្ញុំ​តែង​ប្រាប់​ខ្លួន​​ឯង​ថា​​“ខ្ញុំ​ពិត​ជា​មិន​តូច​ចិត្ត​ឡើយ​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ ​មិន​សូវ​ឱ្យ​តំលៃ​ខ្ញុំ​ទៅ​លើ​ការ​តស៊ូ​ព្យាយាម​, ​ចំណេះ​ដឹង​,​ សមត្ថភាព​, បទ​ពិសោធ​,​ គំនិត​ច្នៃប្រឌិត​, ​ទេព​កោសល្យ​,​ សីលធម៌,​ ​ឧត្តម​គតិ,​ ​ភាព​ជា​​អ្នក​ដឹក​នាំ ​និង​គុណធម៌ ​របស់​ខ្ញុំ​”​ ​តែ​ខ្ញុំ​ត្រូវ​តែ​ដើរ​ទៅ​មុខ​ជា​និច្ច​ ​ខ្ញុំ​ទទួល​យក​អតីតកាល​របស់​ខ្ញុំ​ដោយ​មិន​ស្តាយ​ក្រោយ​ ប្រើ​បច្ចុប្បន្ន​កាល​របស់​ខ្ញុំ​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​​ ប្រឈម​មុខ ​និង​អនាគតកាល​របស់​ខ្ញុំ​​ដោយ​មិន​ភ័យ​ខ្លាច។​​ជីវិត​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ជួប​នូវ​ភាព​នឿយ​ហត់​ ​ធុញ​ថប់​ ​ឬ​ពិបាក​ចិត្ត​ច្រើន​ ​តែ​ទាំង​នេះ​​គឺ​សុទ្ធ​​តែ​ជា​​មេ​រៀន​ជីវិត​ដែល​ធ្វើ​ ​ឱ្យ​អ្នក​កាន់​តែ​រឹង​មាំ​ ភាព​ជោគជ័យ​ដែល​កើត​ចេញ​ពី​ដៃ​ទាំង​គូ​របស់​ខ្ញុំ​ ​គឺ​ជា​ភាព​ជោគ​​ជ័យ​ដ៏​មាន​ន័យ​បំផុត​ក្នុង​ជីវិត​ទោះ​បី​ជា​ខ្ញុំ​ក្រ​ ខ្ញុំ​លំបាក​ ខ្ញុំ​បរាជ័យ​ខ្ញុំ​ជួប​នូវ​រឿង​បោក​ប្រាស់​​ តែ​ពាក្យ​ថា​ ជោគ​ជ័យ​នៅ​តែ​​មាន​ជា​និច្ច​ ជីវិត​ដែល​ធ្លាប់​តែ​មាន​កំហុស​ឆ្គង​ ​ជា​ជីវិត​ដែល​គួរ​ឱ្យ​សរសើរ​ ​និង​មាន​ប្រយោជន៍​ ជា​ជាង​​ជីវិត​​ដែល​មិន​ធ្វើ​អ្វី​សោះ​ សមិទ្ធផល​ ​នៃ​ការ​តស៊ូ​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ហើយ​​ក៏​​ជា​កត្តា​​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជោគ​ជ័យ​រហូត​មក​ដល់​ពេល​នេះ​។​

Sabay៖ ​​បំណង​ប្រាថ្នា​​​នា​ពេល​អនាគត​ តើ​ ​វិបុល​ ​គិត​ចង់​ធ្វើ​អ្វី​ដែរ​​?
វិបុល៖ ​ខ្ញុំ​បាន​ដាក់​គោល​ដៅ​របស់​ខ្លួន​ ​រយៈ​ពេល​១៥​ ​ឆ្នាំ​ ​(៣០​ ទៅ​៤៥​ឆ្នាំ​) ​ខ្ញុំ​ចង់​ក្លាយ​ជា​សហគ្រិន​​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ការ​លើក​កម្ពស់​កិច្ច​ការងារ​សង្គម​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ ​ ឬ​វិស័យ​សុខាភិបាល​ វិស័យ​កសិកម្ម ​វិស័យ​ទេសចរណ៍​ និង​មីក្រូ​ហិរញ្ញវត្ថុ ​ទោះ​បី​ជា​​នៅ​ក្នុង​ប្រទេស​របស់​យើង​​មាន​ការ​អនុវត្ត​ទៅ​លើ​វិស័យ​ទាំង​អស់​នេះ​មាន​ច្រើន​ក៏​ ​ដោយ​ តែ​ផលិត​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ ​នៅ​តាម​ជន​បទ​នៅ​​មាន​កម្រិត​នៅ​ឡើយ​ មិន​ទាន់​ឆ្លើយ​តប​ទៅ​​​ និង​តម្រូវការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​។ ​សម្រាប់​វ័យ​ពី​ ​៤៦ ​ទៅ​៦០​ឆ្នាំ​ ចង់​ក្លាយ​ខ្លួន​ជា ​អភិបាល​ស្រុក​ ​ក្រុង​ ​និង​អភិបាល​ខេត្ត​ ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​។ ​​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ទាំង​​ផ្នែក​សមត្ថភាព ​និង​ស្មារតី​ ​ដើម្បី​បន្ត​វេន​ ​និង​ទទួល​នូវ​តំណែង​សង្គម​ណា​មួយ​ក្នុង​ពេល​អនាគត។
 
Sabay៖​តើ​ វិបុល​ មាន​អ្វី ដើម្បី​ចែក​រំលែក​ដល់​យុវជន​ជំនាន់​ក្រោយ ​ជាពិសេស​យុវជន​ ​ដែល​ចង់​បាន​ អាហារូបករណ៍​សិក្សា​នៅ​បរទេស​?
វិបុល៖ សម្រាប់​ខ្ញុំ​ យុវជន​ទាំង​អស់​គ្នា ​ចាំ​បាច់​ត្រូវ​បាន​ ផែន​ការ​នៃ​ជីវិត​ឱ្យ​បាន​ច្បាស់​លាស់​ ​ទាំង​ការងារ​ ទាំង​ការ​សិក្សា ​ត្រូវ​តស៊ូ​ឱ្យ​ដល់​ទី​បញ្ចប់​ ​ដូច​ជា​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ជា​ដើម​ ​បរាជ័យ​កាន់​តែ​ច្រើន​ ភាព​ជោគជ័យ​ ​កាន់​តែ​ខ្លាំង​។​ ​យុវជន​ទាំង​អស់​គ្នា​ ​ចាំ​បាច់​ត្រូវ​ចេះ​ចាប់​យក​ឱកាស​ ឆក់​យក​ឱកាស​ បង្កើត​ឱកាស​ និង​ចេះ​ប្រើ​ប្រា​ស់​ ឱកាស​ឱ្យ​មាន​ប្រសិទ្ធភាព​៕
ប្រភពមកពី៖ សប្បាយ

0 comments :

Post a Comment